វិស័យពាណិជ្ជកម្ម ជាវិស័យដ៏សំខាន់មួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម កម្រិតចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មជាបន្តបន្ទាប់ ប្រកបដោយសង្គតភាពជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកថែរក្សា និងជំរុញ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបានខ្លាំងក្លាជាបន្តបន្ទាប់។
ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាអាទិ៍ការពង្រឹងលើកស្ទួយផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ សំដៅជំរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មតំបន់ និងពិភពលោក។
ក្រសួងពាណិជ្ជកម្ម ជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការ វិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងការរក្សាបាននូវកំណើននៃការនាំចេញ តាមរយៈការប្រើប្រាស់ទីផ្សារអនុគ្រោះដែលមានស្រាប់ ក្រសួងពាណិជ្ជកម្មបានធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ដើម្បីឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែមានភាពទូលំទូលាយ។ លើសពីនេះការការពារកម្មសិទ្ធិបញ្ញា កិច្ចការពារអ្នកប្រើប្រាស់ ការត្រួតពិនិត្យ និងបង្រ្កាបការក្លែងបន្លំនូវផលិតផលទំនិញ និងសេវាកម្មគ្រប់ប្រភេទ ក៏ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ម្យ៉ាងទៀត ការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជន ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរជាងមុន តាមរយៈការដាក់ឱ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដែលក្នុងនោះ ថ្លៃសេវា ពេលវេលា និងបែបបទដែលបង្កការលំបាក ស្មុគ្រស្មាញ ក៏ត្រូវបានកាត់បន្ថយផងដែរ។
ក្នុងគោលដៅដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តកសាងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន រួមទាំងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មមួយចំនួនផងដែរ។
© 2024 Ministry Of Commerce. All Rights Reserved by
Ministry Of Commerce