ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្ដីពីវិធានដើមកំណើតទំនិញ (CRO) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស …(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ដ្រីក្រសួងពាណិជ្ជកម្ម និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្ដីពីវិធានដើមកំណើតទំនិញ (CRO) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងក្នុងកិច្ចប្រជុំអំពីសារៈសំខាន់និងបញ្ហាប្រឈមពាក់ព័ន្ធនឹងវិធានដើមកំណើតទំនិញសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងក្រោយពេលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ LDC នាពេលខាងមុខ។ សំខាន់ជាងនេះទៅទៀត ឯកឧត្តម បានសម្ដែងនូវការគាំទ្រដល់សំណើរបស់ក្រុមប្រទេស LDC នៅក្នុងសេចក្ដីព្រាងរបាយការណ៍របស់ CRO ដែលនឹងត្រូវរាយការណ៍ជូន អគ្គក្រុមប្រឹក្សា WTO (General Council) ព្រមទាំងស្នើគណៈកម្មាធិការស្ដីពីវិធានដើមកំណើតទំនិញ យកចិត្តទុកដាក់លើសំណើរបស់ក្រុមប្រទេស LDCs។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលទើបអនុញ្ញាតឱ្យកម្ពុជាអាចប្រើវិធាន Extended cumulation ដែលជួយឱ្យកម្ពុជាអាចបន្ដរក្សាកំណើននៃការនាំចេញទោចក្រយានទៅសហភាពអឺរ៉ុប។ ជាមួយគ្នានេះ មន្ដ្រីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានធ្វើបទបង្ហាញស្ដីពី “សារៈសំខាន់នៃការបែកចែកអត្រាប្រើប្រាស់ប្រព័ន្ធអនុគ្រោះ” ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីក្រុមប្រទេស LDC និងសមាជិកផ្សេងៗទៀតផងដែរ។