(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានសមាសភាពចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំទាំងមូលអំពីសារបាន និងសារសំខាន់ៗនៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ។
ជាមួយគ្នានេះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួង ជាប្រធានលេខាធិការដ្ឋាននៃ គ.ក.ប. និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអានខ្លឹមសារទាំងស្រុង ព្រមទាំងបានធ្វើសេចក្តីពន្យល់អំពីគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាជូនអង្គប្រជុំផងដែរ។
នៅកិច្ចបញ្ចប់ សមាជិកអង្គប្រជុំ បានផ្តល់យោបល់ កែសម្រួល និងឯកភាពទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា។