(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មចូលរួមរៀបចំដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា និងសមទ្ធិផលនានានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណនៃវិមានឈ្នះ ឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមានក្រសួង-ស្ថាប័នសាធារណៈចំនួន៥១, រដ្ឋបាលរាជធានី-ខេត្តចំនួន២៥ ព្រមទាំងក្រុមហ៊ុន-អាជីវករវិស័យឯកជន ជាច្រើនទៀត បានចូលរួមរៀបចំស្តង់ពិព័រណ៍ដាក់តាំងបង្ហាញសមទ្ធិផលនានា ផលិតផលសក្ដានុពលកម្ពុជា និងម្ហូបអាហារភេសជ្ជៈជាដើម ជូនបងប្អូនប្រជាពលរដ្ឋទស្សនា។