(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង-ស្ថាប័នរដ្ឋ រួមនឹងពាណិជ្ជករកម្ពុជានិងឥណ្ឌា ប្រមាណជាង ២៥០រូប។
ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងការអបអរសាទរជូនចំពោះស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌាប្រចាំប្រទេសកម្ពុជា ចំពោះការបង្កើតជាផ្លូវការនៃសភាពាណិជ្ជកម្មនេះ ដែលនឹងជំរុញនូវសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌា ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងផ្តល់នូវកាលានុវត្តន៍ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ឥណ្ឌា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គពិធីអំពីកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលគួរជាទីកត់សម្គាល់។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា “ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឯកជន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ពង្រឹងការតភ្ជាប់ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។
គួរបញ្ជាក់ផងដែរថា ក្រោយចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានចូលជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក៏ដូចជាក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូកមួយ ជាមួយប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោករហូតមកដល់បច្ចុប្បន្ន រួមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជាជាមួយនឹងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងសហភាពអារ៉ាប់រួម (UAE) ផងដែរ។
(Phnom Penh): On the evening of Wednesday, 17 January, 2024, at Sofitel Phnom Penh Phoketra Hotel, His Excellency PICH Rithi, Secretary of State of Commerce, a high representative of Her Excellency CHAM Nimul, Minister of Commerce, co-presided over the official launch of the Indian Business Chamber in Cambodia, with the presence of Her Excellency Dr. Devyani Khobragade, Ambassador of the Republic of India to the Kingdom of Cambodia, representatives of ministries and institutions, and Cambodian and Indian businessmen approximately 250 participants.
Speaking at the event, His Excellency Secretary of State expressed his great pleasure and congratulations to the Embassy of the Republic of India and the Indian Business Chamber in Cambodia for the official establishment of the chamber, which will promote trade activities and investment between Cambodia and India, strengthen business cooperation, and provide Cambodia and India with economic and trade opportunities.
On that occasion, His Excellency Secretary of State also informed all the participants of Cambodia's remarkable growth in economic and international trade volume. In addition, the Secretary of State mentioned that “in the 7th Legislature of the National Assembly, the Royal Government of Cambodia, under the leadership of Samdech Moha Borvor Thipadei HUN Manet, has launched “the Pentagonal Strategy-Phase 1” to reinforce private sector development, economic diversification, and enhancement of competition by improving the business and investment climate, strengthening connectivity, and making special economic zones more attractive to investors.
After becoming an ASEAN Member in 1999 and a WTO Member in 2004, Cambodia has joined the ASEAN Free Trade Area (AFTA) as well as ASEAN plus one FTA with China, Japan, the Republic of Korea, Australia, New Zealand, India, and the Regional Comprehensive Economic Partnership (RCEP), which is the world's biggest FTA to date, as well as Cambodia bilateral FTAs with China, Republic of Korea, and the United Arab Emirates (UAE), respectively.