(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Jonathon Chua នាយកគ្រប់គ្រង Business Network International (BNI) Cambodia ភ្នំពេញ តំបន់២ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ព្រមទាំងមន្ត្រីជំនាញមកពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ដើម្បីពិភាក្សាអំពីគម្រោងស្នើសុំគាំទ្រក្នុងការរៀបចំពិព័រណ៌ធុរកិច្ចអន្តរជាតិកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងលើកទឹកចិត្ត ព្រមទាំងជំរុញឱ្យ BNI Cambodia ភ្នំពេញ តំបន់២ សហការជាមួយនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីឱ្យគម្រោងរៀបចំពិព័រណ៍នេះ ទទួលបានជោគជ័យតាមការគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូ BNI Cambodia នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅលើកស្ទួយការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។