(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ ប៊ុនធឿន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធានក្រុមការងារពិនិត្យ ស្រាវជ្រាវ និងផ្ដល់យោបល់នៃក្រុមប្រឹក្សាអ្នកច្បាប់។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវទាំងទម្រង់ ខ្លឹមសារ ពាក្យបច្ចេកទេស និងអក្ខរាវិរុទ្ធ។