(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (Draft Convention on the Establishment of the International Organization for Mediation) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ទីស្ដីការគណៈរដ្ឋមន្ដ្រី (ក្រុមប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) តាមប្រព័ន្ធ Zoom។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុសញ្ញាខាងលើ ដើម្បីកំណត់ជំហររួមសម្រាប់ឱ្យក្រុមការងារចរចារបស់ក្រសួងពាណិជ្ជកម្ម ចូលរួមចរចាអនុសញ្ញានេះនៅសម័យប្រជុំចរចាបន្ដបន្ទាប់។ ការចូលរួមចរចាអនុសញ្ញានេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសយន្ដការសន្ធានកម្ម (ឬសម្រុះសម្រួល) ព្រមទាំងអាចជួយបង្កើនភាពប្រកួតប្រជែង និងផ្តល់នូវការទាក់ទាញបន្ថែមដល់វិស័យពាណិជ្ជកម្មនិងវិនិយោគ តាមរយៈការផ្ដល់នូវយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងវិនិយោគអន្ដរជាតិដែលមានភាពបត់បែនសម្រាប់គូភាគី ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ ផងដែរ៕