(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ Fairfield by Marriot ទីក្រុងភ្នំពេញ ឯកឧត្តមអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាសហប្រធានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង Master Franchise រវាងក្រុមហ៊ុន emart24 Inc. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shinsegae Group ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ និង Saisons Brother Holding ដែលជាក្រុមហ៊ុននៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ពិធីចុះហត្ថលេខានេះ ជាសក្ខីកម្មមួយតំណាងឱ្យការរួមគ្នា រវាងអ្នកជំនាញការ ធនធាន ការផ្ទេរបច្ចេកវិទ្យា និងការយកចិត្តទុកដាក់ចំពោះឧត្តមភាព។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ភាពជាដៃគូនេះនឹងមិនត្រឹមតែពង្រឹងការកសាងម៉ាកយីហោប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន និងភាពជោគជ័យនៃអាជីវកម្ម ព្រមទាំងនឹងចូលរួមបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ផងដែរ។