(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ
ដើម្បីធ្វើបច្ចុប្បន្នភាពការងាររបស់សមាគម និងទទួលស្ដាប់នូវអនុសាសន៍ណែនាំមួយចំនួនពី លោកជំទាវរដ្ឋមន្រ្តី។
ក្នុងជំនួបនេះ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានធ្វើបទបង្ហាញអំពីសាវតារ និងប្រតិបត្តិការរបស់សមាគម ព្រមទាំងបានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មចង្អុលបង្ហាញបន្ថែមអំពីការពង្រឹងវិស័យកសិ-ពាណិជ្ជកម្មសម្រាប់ធ្វើការនាំចេញ និងទិសដៅអនុវត្តបន្តរបស់សមាគម។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ព្រមទាំងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីបន្តជំរុញការវិនិយោគរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។