(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយទីប្រឹក្សា និងជំនួយការអមក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ទីប្រឹក្សា និងជំនួយការអមក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទីប្រឹក្សា និងជំនួយការអមក្រសួងពាណិជ្ជកម្ម ដែលទទួលបាននូវការតែងតាំងជាទីប្រឹក្សានិងជំនួយការអមក្រសួងពាណិជ្ជកម្មនៅក្នុងអាណត្តិថ្មីនេះផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទីប្រឹក្សា និងជំនួយការអមក្រសួងពាណិជ្ជកម្មទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត សំដៅជំរុញវិស័យពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានមានមតិណែនាំ ពាក់ព័ន្ធនឹងការអនុវត្តព្រះរាជក្រឹត្យ ស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការនីតិប្រតិបត្តិផងដែរ។