(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារនាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំជាមួយលោក Roberto Leva តំណាងថ្នាក់តំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង តំណាងក្រុមហ៊ុនច្បាប់ DFDL ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងរៀបចំវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។
កិច្ចប្រជុំនាឱកាសនេះ បានពិភាក្សាលើ៖ (១)-វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និង(២)-គម្រោងការរៀបចំវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយប្រតិបត្តិការដែលមានកិច្ចធានា ដល់វិស័យសាធារណៈ វិស័យឯកជន និងអ្នកអនុវត្តច្បាប់ ក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ អត្ថប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចនានាដែលបានចែងនៅក្នុងច្បាប់ និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យមានភាពគ្រប់ជ្រុងជ្រោយ។