(កែប)៖ នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត (ស.ល.ម.ក) ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបប្រជុំជាមួយសមាគមលើកកម្ពស់ម្រេចកំពត (ស.ល.ម.ក) ដើម្បីពិនិត្យ និងសម្រេចលើសៀវភៅលក្ខន្តិកៈសមាគម និងសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមនេះ ដែលមានអ្នកចូលរួមសរុបចំនួន ៣៣រូប។
ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើការពន្យល់អំពីខ្លឹមសារលម្អិតនៃសេចក្តីព្រាងលក្ខន្តិកៈសមាគម និងសេចក្តីណែនាំអំពីការបោះឆ្នោត។
ជាលទ្ធផលអង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងលក្ខន្តិកៈសមាគម និងសេចក្តីណែនាំអំពីការបោះឆ្នោត និងបានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ ស.ល.ម.ក ដើម្បីរៀបចំសន្និបាត ស.ល.ម.ក និងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ ស.ល.ម.ក ចាប់ពីម៉ោង ១០ ដល់ ១២ព្រឹក៕