(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ”ការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រសួងស្ថា-ប័នពាក់ព័ន្ធ ប្រមាណជា ២៥០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាវាគ្មិនកិត្តិយស បានធ្វើបទបង្ហាញអំពី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា៖ ទិដ្ឋភាពជាប្រវត្តិសាស្ត្រ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១.ការចូលជាសមាជិកអាស៊ាន
២.ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
៣.ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងដៃគូពិភាក្សានានានៅក្នុងតំបន់ និងពិភពលោក
៤.ការចរចារបង្កើតកិច្ចព្រមព្រៀងបង្កើតពាណិជ្ជកម្មសេរី។
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះនឹងមានការរៀបចំជាបន្តបន្ទាប់ ក្រោមប្រធានបទផ្សេងៗគ្នា ដែលទាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ជកម្មបន្តទៀត៕