(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ភ្ញៀវកិត្តិយស នៃបេឡាជាតិសន្តិសុខសង្គម និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការសំណូមពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីរាជការ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ឱ្យចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ឋនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីធានាការលើកកម្ពស់សុខមាលភាព និងអត្ថប្រយោជន៍មន្រ្តី រាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យបន្តជួយផ្សព្វផ្សាយ និងណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម ព្រមទាំងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យលើកជាសំណួរទៅកាន់វាគ្មិនដែលអញ្ជើញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជាចំណេះដឹង និងពុទ្ធិបន្ថែម។