(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី កម្មសិទ្ធិបញ្ញា សម្រាប់មន្រ្តីអនុវត្តច្បាប់ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដោយមានអ្នកចូលរួមសរុប ៨០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងអំពីគោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងអំពីទិដ្ឋភាពទូទៅនៃកម្មសិទ្ធិបញ្ញា លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងកិច្ចការពារ និងការទទួលបានចំណេះដឹង ឬព័ត៌មានថ្មីៗដើម្បីលើកកម្ពស់ការងារ ក៏ដូចជាការពង្រឹង និងអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែល្អប្រសើរ និងស្របទៅនឹងរបត់អន្តរជាតិ។
ក្នុងនោះផងដែរមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយកដ្ឋាន ក.ប.ប និងក្រុមហ៊ុនមេធាវី បានធ្វើបទបង្ហាញ និងពន្យល់អំពីទិដ្ឋភាពនៃវិស័យកម្មសិទ្ធិបញ្ញា និងនីតិវិធីក្នុងការស៊ើបអង្កេតបទល្មើសកម្មសិទ្ធិបញ្ញា ជូនអង្គពិធីទាំងមូល ផងដែរ៕