(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ ជាមួយគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣” ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី ៣ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២៣ និងមានរយៈពេលអនុវត្តចំនួន ១២ ខែកន្លងមក។