(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃស្វាយចន្ទីរបស់ក្រុមហ៊ុន Ample ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាព និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមផងដែរពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក Peteris Ustubs មកពីអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិរបស់សហភាពអឺរ៉ុប ទទួលបន្ទុកតំបន់មជ្ឈឹមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក និង លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តធ្វើពិពិធកម្មទីផ្សារ និងជំរុញអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា ដែលជាដំណាំអាទិភាពទី២ បន្ទាប់ពីស្រូវ ព្រមទាំងបានជម្រាបសង្ខេបអំពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលក្រសួងពាណិជ្ជកម្មបានដឹកនាំរៀបចំ ដោយបានដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសអ្នកផលិត ក៏ដូចជាផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕