(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពី “ដំណើរការរៀបចំបង្កើតយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ព្រមទាំងមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាជីវករ អ្នកផលិតករ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និងស្រាវជ្រាវនានា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍នានា ដែលនឹងទទួលបានពីយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនាំចេញអង្ករ និងពិពិធកម្មទីផ្សារឆ្នាំ២០២៤-២០៣០ នឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ ដើម្បីធ្វើពិពិធកម្មទីផ្សារ និងបង្កើនការនាំចេញអង្ករ តាមរយៈផលិតកម្មផ្អែកលើទីផ្សារ និងប្រព័ន្ធទីផ្សារទូទាំងពិភពលោក។
លោកជំទាវរដ្ឋមន្ត្រីបន្តថា យុទ្ធសាស្ត្រនេះគឺដើរស្របគ្នាទៅនឹងការងារជាអាទិភាពសំខាន់ៗដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយជាតិផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ផងដែរ។
បន្ថែមពីនេះ យុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បីជំរុញការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែង ព្រមទាំងអាចឈានដល់កម្រិតអតិបរមាដោយផ្អែកលើប្រព័ន្ធផលិតកម្ម និងកាលានុវត្តភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន។
ដើម្បីជំរុញឱ្យវិស័យស្រូវអង្កររបស់កម្ពុជា កាន់តែទទួលបានជោគជ័យបន្ថែមទៀត លោកជំទាវរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ចំនួនពីរ ដើម្បីឱ្យអង្គសិក្ខាសាលា និងភាគីពាក់ព័ន្ធទាំងអស់យកទៅពិភាក្សាឱ្យបានស៊ីជម្រៅ រួមមាន៖
១- ការការពារម៉ាក និងកម្មសិទ្ធិបញ្ញា ជាពិសេសការកសាងម៉ាកសមូហភាព
២- ការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់ ជាដើម។
នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិក្ខាកាម និងតួអង្គពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការសិក្សាស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅអំពីដំណើរការនៃការរៀបចំបង្កើតយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ផុសផុល ដើម្បីជំរុញឱ្យវិស័យស្រូវអង្កររបស់កម្ពុជាកាន់តែរីកចម្រើន ប្រកបចីរភាព៕