ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ការផ្តួចផ្តើមក្រុមអឺរ៉ុប-Team Europe Initiatives»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ការផ្តួចផ្តើមក្រុមអឺរ៉ុប-Team Europe Initiatives» ដែលដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងសហភាពអឺរ៉ុបនិងដៃគូអឺរុប រួមមាន៖ ប្រទេសបារាំង, អាល្លឺម៉ង់, ស៊ុយអែត, សាធារណរដ្ឋឆែក និងប្រទេសហុងគ្រី។  

គោលដៅចម្បង នៃកិច្ចពិភាក្សានេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងជាការផ្លាស់ប្តូរយោបល់លើទិសដៅ នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងក្រុមអឺរ៉ុប (សហភាពអឺរ៉ុប និងប្រទេសជាសមាជិក) និងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបផងដែរថា នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក៏មានកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តយុទ្ធសាស្រ្តរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧ និងពិភាក្សាលើ «ការផ្តួចផ្តើមក្រុមអឺរ៉ុប» និងកម្មវិធីអាទិភាពក្នុងក្របខ័ណ្ឌនៃច្រកទ្វារសកលអឺរ៉ុប ក្រោមសហប្រធានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោក Peteris Ustubs អគ្គនាយកទទួលបន្ទុកភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុបផងដែរ។

ក្នុងជំនួបពិភាក្សាទាំងពីរខាងលើ បានដាក់ឱ្យអនុវត្តនូវ «ការផ្តួចផ្តើមក្រុមអឺរ៉ុប» ចំនួនពីរសម្រាប់កម្ពុជា ទី១-កសិធុរកិច្ចបៃតង និងការងារសមរម្យ (Green Agribusiness and Decent Jobs) និង ទី២-រោងចក្របៃតង និងការងារសមរម្យ (Green Factories and Decent Jobs) ដែលការផ្តួចផ្តើមទាំងនេះ គឺផ្តល់នូវក្របខណ្ឌមួយដើម្បីធ្វើការរួមគ្នា ឆ្ពោះទៅកាន់គោលបំណងរួមគ្នា នៃគោលនយោបាយជាអាទិភាពរបស់សហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសសម្រាប់វិស័យធុរកិច្ច រោងចក្របៃតង និងការងារសមរម្យប្រកបដោយចីរភាព។

ម្យ៉ាងទៀត ការផ្តួចផ្តើមក្រុមអឺរ៉ុបចំនួនពីរខាងលើ នឹងលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃប្រកបដោយចីរភាព និងបានធ្វើសមាហរណកម្មផលិតផលកម្ពុជាទៅក្នុងទីផ្សារក្នុងតំបន់ និងអន្តរជាតិជាមួយនឹងការអភិវឌ្ឍជំនាញ ការគាំទ្រពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លើសពីនេះ ការផ្តួចផ្តើមក្រុមអឺរ៉ុបទាំងពីរ រួមចំណែកក្នុងការអនុវត្តវិស័យអាទិភាពទាំងប្រាំមួយ រួមមាន៖

ទី១-រដ្ឋាភិបាល និងគណនេយ្យភាពប្រជាធិបតេយ្យ ទី២-ការចូលរួមប្រជាធិបតេយ្យ ទី៣-ការអភិវឌ្ឍន៍ធនធានមនុស្ស ទី៤-ភាពប្រកួតប្រជែងជាសកល និងក្នុងតំបន់ ទី៥-ការអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព និង

ទី៦-ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា។

ក្នុងកិច្ចប្រជុំខាងលើ ក៏បានគូសបញ្ជាក់ផងដែរអំពីការអនុវត្តកម្មវិធីអាទិភាពចំនួន ៣ ក្រោមក្របខណ្ឌ នៃច្រកទ្វារសកល(Global Gateway) ដែលជាយុទ្ធសាស្ត្រសកលរបស់អឺរ៉ុបសម្រាប់ការវិនិយោគឆ្លាតវៃ រួមមាន៖

ទី១-កម្មវិធីផ្គត់ផ្គង់ទឹកស្អាតបាក់ខែក ទី២-កម្មវិធីសុខភាពតែមួយ និងទី៣-កម្មវិធីអប់រំសម្រាប់ការងារបៃតង និងការងារឌីជីថល។

ជាទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង កិច្ចពិភាក្សាកម្រិតគោលនយោបាយ និងអភិក្រមពហុភាគីសម្រាប់ការអនុវត្ត ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងភាគីអឺរ៉ុប។

https://s2.moc.gov.kh/mocspace/mocspace_1710488873340.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488892930.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488893255.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488893312.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488893268.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488909771.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488910170.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488910022.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488910056.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488910086.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488910312.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488910251.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488923790.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488923614.jpg
https://s2.moc.gov.kh/mocspace/mocspace_1710488923828.jpg