(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់គ្រូបង្គោលកម្មសិទ្ធបញ្ញា ជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦ ដែលរៀបចំដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងពាណិជ្ជកម្ម និងលោក-លោកស្រី ជាគ្រូបង្គោល ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ព្រមទាំងគ្រូឧទ្ទេស ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងជូនដល់សិក្ខាកាម រហូតសម្រេចបានលទ្ធផលជោគជ័យដូចមានក្នុងថ្ងៃនេះ។
លោកជំទាវរដ្ឋមន្រ្តី បន្តថាសមិទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងមូលធនមនុស្សជាអាទិភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងវិស័យកម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធនធានមនុស្សទាំងនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការគាំទ្រដល់វិស័យឯកជន ជាពិសេសក្នុងវិស័យកម្មសិទ្ធិបញ្ញា ស្របពេលដែលប្រទេសកម្ពុជាបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោកប្រកបដោយភាពប្រកួតប្រជែង។ ម៉្យាងទៀត វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងសមត្ថភាពការយល់ដឹងរបស់មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលនៅកៀកនឹងអាជីវករ សេវាករ ប្រតិបត្តិករ ពាក់ព័ន្ធនឹងចំណេះដឹងជាមូលដ្ឋានលើផ្នែកកម្មសិទ្ធិបញ្ញា ព្រមទាំងផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងការផ្តល់សេវា និងប្រឹក្សាយោបល់ប្រកបដោយភាពច្បាស់លាស់លើផ្នែកកម្មសិទ្ធិបញ្ញា ជូនអតិថិជនរបស់ខ្លួន។
លោកជំទាវរដ្ឋមន្រ្តី បានបន្ថែមថាការលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាដល់មន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ព្រមទាំងវិស័យឯកជន គឺជាយន្តការមួយចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាពផងដែរ តាមរយៈការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ការកសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ ការអភិវឌ្ឍផលិតផលសក្តានុពល ស្របតាមបទដ្ឋាន និងតម្រូវការចាំបាច់សម្រាប់ទីផ្សារ ការជំរុញឱ្យមានផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យកាន់តែច្រើនដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព នៃការផ្តល់សេវាធារណៈក្រោមសមត្ថកិច្ចក្រសួងពាណិជ្ជកម្ម ដោយបង្កើនការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ទាំងអស់ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវអនុវត្តតួនាទីភារកិច្ចឱ្យមានសុចរិតភាព តម្លាភាព ប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ និងស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដោយត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍដុសខាត់ចំណេះដឹងក្នុងវិស័យកម្មសិទ្ធិបញ្ញារបស់ខ្លួន ឱ្យតាមទាន់នឹងការវិវត្តនៃច្បាប់និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ ដើម្បីអាចធានាបាននូវប្រសិទ្ធភាព ភាពត្រឹមត្រូវនៃវិជ្ជាជីវៈ និងភាពអាចជឿទុកចិត្តបានក្នុងការផ្តល់សេវាធារណៈ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្ត្រីបង្គោលរបស់ក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយ និងបញ្រ្ជៀបការយល់ដឹងកម្មសិទ្ធិបញ្ញា ដល់មន្រ្តី-បុគ្គលិកពាក់ព័ន្ធក្នុងអង្គភាពខ្លួន ជាពិសេសការចូលរួមចំណែកកសាងទំនុកចិត្តពីម្ចាស់អាជីវកម្មក្នុងការបង្កើតម៉ាកថ្មីៗ និងទាញយកប្រយោជន៍ពីកម្មសិទ្ធិបញ្ញាជាអតិបរមាក្នុងគោលដៅអភិវឌ្ឍអាជីវកម្មឱ្យបានកាន់តែល្អប្រសើរ និងកាន់តែរីកចម្រើន៕