(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើមលោកអភិបាលក្រុង Asakuchi បានគោរពណែនាំផលិតផលសក្តានុពលសំខាន់ៗរួមមាន ស្រា មី និងវិស័យនេសាទសមុទ្រ(អយស្ទ័រ) នៃទីក្រុង Asakuchi ខេត្ត Okayama ប្រទេសជប៉ុន ក្នុងគោលបំណងទទួលអនុសាសន៍ណែនាំពី លោកជំទាវរដ្ឋមន្រ្តី ពិនិត្យពីផលិតផលសក្តានុពលពីទីក្រុង Asakuchi រួមទាំងពិភាក្សាពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យាមកកាន់កម្ពុជាសម្រាប់ធ្វើការកែច្នៃផលិតក្នុងស្រុក ប្រកបដោយគុណភាព និងមានស្តង់ដារខ្ពស់ដូចប្រទេសជប៉ុន។ ឆ្លៀតក្នុងឱកាសនេះ លោក Kazunori KATO អនុប្រធានសមាគមសមាគមជប៉ុន-កម្ពុជា ក៏បានគោរពណែនាំសមាសភាពក្រុមហ៊ុនជប៉ុន ដែលកំពុងបណ្តាក់ទុន និងមានបំណងចង់បណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិការ និងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូទីក្រុង Asakuchi និងបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលក្រុង ដែលមានបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការផលិតស្រា និងគុយទាវអ៊ូដុងដែលផលិតចេញពីអង្ករ។ លោកជំទាវរដ្ឋមន្ត្រីក៏បានស្នើ លោកអភិបាលក្រុង Asakuchi លើកទឹកចិត្តវិនិយោគិនពីទីក្រុង Asakuchi មកកម្ពុជាដើម្បីវិនិយោគលើផលិតផលសក្ដានុពលកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងនាំចេញទៅប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក។