(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។
ក្នុងឱកាសនោះ លោក Jonathan K.S. Choi បានថ្លែងអំណរគុណចំពោះ លោកជំទាវរដ្ឋមន្ត្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបរូបលោក និងគណៈប្រតិភូទាំងអស់ ហើយលោកក៏បានលើកឡើងពីគោលបំណង និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា រួមមាន៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។ ស្របពេលជាមួយគ្នានេះ គណៈប្រតិភូជាវិនិយោគិន ក៏បានស្នើសុំការបញ្ជាក់ចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក Jonathan K.S. Choi រួមទាំងគណៈប្រតិភូចិនគ្រប់រូប ដែលបានអញ្ជើញមកដល់ទីស្ដីការក្រសួងពាណិជ្ជកម្ម ក៏ដូចជាបានមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបង្ហាញនូវការសាទរ និងគាំទ្រចំពោះគោលបំណង និងចំណាប់អារម្មណ៍របស់គណៈប្រតិភូទាំងអស់ ក្នុងការវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា បន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន ក៏ដូចជាធុរជនទាំងអស់ធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោងដែលបានលើកឡើងពីខាងដើមនេះ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ដោយឡែក ក្រសួងពាណិជ្ជកម្មរីករាយក្នុងការសហការ និងជួយសម្របសម្រួលជូនដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀត៕