(ភ្នំពេញ)៖ នារល្ងាចថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីពិសាអាហារសាមគ្គី អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មគ្រប់នាយកដ្ឋានទាំងអស់។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ដែលយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតនាំមកនូវសមិទ្ធផល និងស្នាដៃធំៗជាច្រើនសម្រាប់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវវប្បធម៌ការងារល្អនេះបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាព និងឧត្តមភាពសម្រាប់វិស័យពាណិជ្ជកម្មរបស់កម្ពុជា។
គួររំលឹកផងដែរថា នៅក្នុងកម្មវិធីជប់លៀងនេះ ក៏មានកម្មវិធីចាប់រង្វាន់ផ្សងសំណាងដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ព្រមទាំងមានកម្មវិធីប្រឡងចម្រៀង និងការរាំលេងកំសាន្តយ៉ាងសប្បាយរីករាយតាមបែបប្រពៃណីខ្មែរ ផងដែរ៕