(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឺព្រឺមៀរសេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនិងខួប ៣០ឆ្នាំ នៃការបង្កើតក្រុមហ៊ុនអ៊ែតវូត អាហរ័ណ នីហរ័ណ (ATTWOOD IMPORT EXPORT CO., LTD.) ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក តាន់ សែឆាយ អគ្គនាយកក្រុមហ៊ុនអ៊ែតវូត អាហរ័ណ នីហរ័ណ ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនអ៊ែតវូត អាហរ័ណ នីហរ័ណ ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរ និងកោតសរសើរដល់ក្រុមហ៊ុន ដែលបានររៀបចំពិធីនេះឡើង ដែលជាការបង្ហាញឱ្យឃើញពីភាពខ្លាំងរបស់ក្រុមហ៊ុនក្នុងស្រុកមួយ បាននឹងកំពុងឈរជើងរយៈពេល ៣០ឆ្នាំ ក្នុងវិស័យពោពេញដោយការប្រកួតប្រជែងនៃរបបទីផ្សារសេរី ហើយបានពុះពារដោយជោគជ័យនូវឧបសគ្គ បញ្ហាប្រឈម តាមរយៈការខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះ លោកជំទាវឧកញ៉ា លឹម ឈីវហូរ ដែលជាសហគ្រិនស្រ្តីឆ្នើម និងជាគំរូដល់ភាពជាអ្នកដឹកនាំស្រ្តី ក្នុងការខិតខំប្រឹងប្រែងបង្កើត និងដឹកនាំក្រុមហ៊ុនប្រកបដោយជោគជ័យ និងជាទីមោទនៈបំផុត។
លោកជំទាវរដ្ឋមន្រ្តី បន្តថា ការឈរជើងលើទីផ្សារមកដល់ពេលនេះរបស់ក្រុមហ៊ុនអ៊ែតវូត បានបង្ហាញនូវភាពជាគំរូក្នុងការផ្គត់ផ្គង់ផលិតផលប្រកបដោយភាពស្មោះត្រង់ និងទំនុកចិត្តដល់អតិថិជន តាមរយៈការអនុវត្តទៅតាមបទដ្ឋានច្បាប់ទាក់ទងនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់កិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្ត ដើម្បីធានាដល់ការប្រើប្រាស់ម៉ាក ពាណិជ្ជនាម និងអំពើរផ្សេងៗក្នុងវិស័យកម្មសិទ្ធិបញ្ញា ព្រមទាំងបានបង្កបរិយាកាសស្មើភាព និងយុត្តិធម៌សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្នុងបំណងរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការ ក្លែងបន្លំ បោកប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបន្តរក្សាទុកគុណតម្លៃ និងកេរ្តី៍ឈ្មោះរបស់ខ្លួន ដែលបានខិតខំកសាងរយៈពេល៣០ឆ្នាំមកនេះ សម្រាប់បន្តដំណើរឆ្ពោះទៅមុខកាន់តែជោគជ័យបន្ថែមទៀត។ ជាពិសេសត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបង្រ្កាបផលិតផលក្លែងបន្លំ រំលោភកម្មសិទ្ធិបញ្ញា ឬទំនិញមិនមានគុណភាព ក្រោមស្តង់ដារកំណត់ ជាដើម។