(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងារ ព្រមទាំងធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងពាណិជ្ជកម្ម ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានចូលរួមសម្តែងនូវ ការដឹងគុណចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិ ពេញលេញក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះ ឈ្នះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសសាលានាយទាហានសកម្ម ក្នុងការពង្រឹងនិងអភិវឌ្ឍខឿនការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ការហ្វឹកហាត់រៀនសូត្រដល់ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មកម្ពុជា។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងជោគជ័យនូវ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ដើម្បីធានាឱ្យបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បាននាំយកអង្ករមួយចំនួនឧបត្ថម្ភជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដើម្បីចូលរួមក្នុងបុព្វហេតុសម្រាប់ជាតិ មាតុភូមិ ផងដែរ៕