(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ផូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន របស់សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងប្រធានសមាគមពាណិជ្ជកម្មអន្តរជាតិ តំណាងក្រុមប្រតិភូចិន មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងវិនិយោគិន និងធុរជន កម្ពុជា និងចិន ជាច្រើនរូប។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យដើម្បីជួយដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «សក្តានុពលនៃការវិនិយោគនៅប្រទេសកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩»។
ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងការិយាល័យហ៊ូប៉ីនៃសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមហ៊ុន CCDI GROUP និង ការិយាល័យហ៊ូប៉ីនៃសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងក្រុមហ៊ុន CRCC 11th៕