ឯកឧត្តម តាត ពុធសុដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Ozgur Demirkol អនុប្រធានការិយាល័យប្រចាំតំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសុដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Ozgur Demirkol អនុប្រធានការិយាល័យប្រចាំតំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់កម្មវិធី អាហារូបករណ៍ Japan-IMF Scholarship Program for Asia (JISPA) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពស្ថាប័ន តាមរយៈការបណ្តុះបណ្តាលគោលនយោបាយពាណិជ្ជកម្ម ជូនមន្ត្រី រាជការវ័យក្មេង។  

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនលោក Ozgur Demirkol អំពីបេសកកម្មរបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងលទ្ធផលនៃការវាយតម្លៃអំពីតម្រូវការបណ្តុះបណ្តាលថ្មីៗ ព្រមទាំងបានបង្ហាញពីបំណងដាក់បញ្ចូលការរកឃើញទាំងអស់ ទៅក្នុងកម្មវិធីសិក្សារបស់ JISPA ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រី ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ដែលអាចជួយជំរុញការនាំចេញរបស់កម្ពុជា នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យភាគី IMF សិក្សាបន្ថែមលើលទ្ធភាពក្នុងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងទៀតក្រៅពីគោលនយោបាយពាណិជ្ជកម្មដែលជាតម្រូវការរបស់មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្មដែលទទួលបានពីរង្វាយតម្លៃនៃវគ្គបណ្តុះបណ្តាល។

ជាការឆ្លើយតប លោក Ozgur Demirkol បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចែករំលែកព័ត៌មាន និងយោបល់ដ៏មានតម្លៃ សម្រាប់កែលម្អកម្មវិធីសិក្សារបស់ JISPA និងភាពលេចធ្លោនៃកម្មវិធីនេះ ដើម្បីទាក់ទាញបេក្ខជនកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបានសន្យាបន្តកិច្ចសហការរបស់ IMF ជាមួយ TTRI និងទីភ្នាក់ងាររដ្ឋាភិបាលដ៏ទៃទៀត ដើម្បីរៀបចំកម្មវិធីអាហារូបករណ៍នេះឡើងវិញ សំដៅបំពេញតម្រូវការជាក់លាក់របស់មន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការកម្ពុជាទូទៅ។

សូមជម្រាបជូនថា JISPA គឺជាកម្មវិធីសិក្សាផ្តោតលើម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ ឬវិស័យទាក់ទងផ្សេងៗទៅនៅក្នុងសកលវិទ្យាល័យនានានៅជប៉ុន ហើយកម្មវិធីអាហារូបករណ៍នេះផ្តល់ជូនភាពជាដៃគូជាមួយសាកលវិទ្យាល័យជាច្រើនសម្រាប់កម្មវិធីអនុបណ្ឌិត និងផ្លូវបើកចំហសម្រាប់កម្មវិធីបញ្ចប់ការសិក្សាជាច្រើនទៀត រួមទាំងកម្មវិធីបណ្ឌិតនៅក្នុងសាកលវិទ្យាល័យណាមួយនៅក្នុងប្រទេសជប៉ុន។ ជាក់ស្តែងអាហារូបករណ៍ថ្មីប្រហែល ៣០កន្លែង ត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំជាមួយសកលវិទ្យាល័យជាដៃគូ ហើយមានតែជ័យលាភីអាហារូបករណ៍មួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានជ្រើសរើស៕

https://s2.moc.gov.kh/mocspace/mocspace_1715934525061.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934525963.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934527172.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934525984.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934527184.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934526971.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934526028.jpg
https://s2.moc.gov.kh/mocspace/mocspace_1715934526376.jpg