(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Jilin Jiqi Longshan Light Vehicle Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីគោលបំណងរបស់ក្រុមហ៊ុនលើការស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្ម សម្រាប់ឱកាសវិនិយោគលើការតម្លើងរថយ្តដឹកជញ្ជូនធុនតូច នៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញថែមទៀតនាពេលអនាគត។
ជាកិច្ចឆ្លើយតបលោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការស្វែងយល់បន្ថែមលើនីតិវិធីក្នុងការស្នើសុំវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្ត ស្របទៅតាមច្បាប់វិនិយោគរបស់កម្ពុជា។