(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កានៅតំបន់ប្រវត្តិសាស្រ្តយោធាសម្តេចតេជោ X16 ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការចងចាំ ដើម្បីជាការរំឭកឡើងវិញនូវស្មារតីនៃក្តីសង្ឃឹម ការជឿជាក់លើប្រទេសជាតិ និងការមិនបោះបង់ចោលជាតិសាសន៍ ព្រមទាំងប្រជាជនខ្លួន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូទាំងអស់ បានត្រង់ត្រាប់ស្តាប់ប្រកបដោយការយកចិត្តទុកដាក់ និងមនោសញ្ចេតនារំភើប កោតស្ញប់ស្ញែងក្រៃលែងចំពោះប្រវត្តិតស៊ូដ៏អស្ចារ្យរបស់យុទ្ធជនមួយរូប ដែលពេលនោះកំពុងរងទុក្ខវេទនាក្រោមរបបយង់ឃ្នង ដោយបានទុកចោលនូវភាពឈឺចាប់មួយឡែកហើយងើបឡើងតស៊ូរើបម្រះពីក្រញាំពួកប្រល័យពូជសាសន៍ ដើម្បីសង្រ្គោះជាតិ និងប្រជាជនចេញពីរណ្តៅមច្ចុរាជ។ គំរូវីរភាពដ៏អង់អាចដែលយុវជនជំនាន់មុនបានធ្វើនេះ បានចាក់ឫសក្នុងក្រឳបេះដូងរបស់យើងគ្រប់គ្នា៕