(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និបាតលើកទី១៧៤ របស់ការិយាល័យពិព័រណ៍អន្តរជាតិ Bureau International des Expositions (BIE) តាមប្រព័ន្ធអនឡាញ Zoom Videos Conference ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដែលមានសមាសភាពចូលរួមដូចជា រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អគ្គរាជទូត/រដ្ឋទូត និង ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសតំណាងឱ្យរដ្ឋាភិបាល ប្រមាណ ១៧០ប្រទេស។
គោលបំណង នៃសន្និបាត លើកទី១៧៤ នេះ គឺដើម្បីប្រជុំតាមដាន និងពិភាក្សាទៅលើ៖
១- ការអនុម័តលើកំណត់ហេតុប្រជុំ “BIE General Assembly” លើកទី១៧៣ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣
២- របាយការណ៍ស្តីពី លទ្ធផលប្រជុំរបស់គណៈកម្មការទាំងបួន នៃការិយាល័យពិព័រណ៍អន្តរជាតិ (BIE)
៣- វឌ្ឍនភាព នៃការរៀបចំ “ពិព័រណ៍ពិភពលោក ២០២៥ អូសាកា” នៅទីក្រុងអូសាកា ប្រទេសជប៉ុន
៤- វឌ្ឍនភាព នៃការរៀបចំ “ពិព័រណ៍ពិភពលោក ២០៣០ រីយ៉ាត” នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត
៥- វឌ្ឍនភាព នៃការរៀបចំពិព័រណ៍អន្តរជាតិ “Expo 2027 Belgrade” នៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី
៦- របាយការណ៍ស្តីពី “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២៣” នៅទីក្រុងដូហា ប្រទេសហ្គាតា
៧- វឌ្ឍនភាព នៃការរៀបចំ “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២៧” នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន
៨- វឌ្ឍនភាព នៃការរៀបចំពិព័រណ៍អន្តរជាតិ “The Triennale Di Milano 2025” នៅប្រទេសអ៊ីតាលី។