(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទ“ការអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង ក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D)។
ក្នងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា គម្រោងរបស់ RT4D គឺជាបច្ច័យកើតចេញពីកិច្ចព្រមព្រៀងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (ASEAN Australia New Zealand Free Trade Agreement - AANZFTA) និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (The Regional Comprehensive Economic Partnership - RCEP) ដែលផ្តល់ការគាំទ្រផ្នែកពាណិជ្ជកម្មនិងវិនិយោគ សម្រាប់រដ្ឋជាសមាជិកអាស៊ាន។ គម្រោងនេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនជាជនមានពិការភាព ហើយការចូលរួមអនុវត្តគម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹង និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រិនកម្ពុជា ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាបើកច្រកទីផ្សារថ្មីៗដើម្បីអាចនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែទូលាយ ព្រមជាមួយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ដែលនឹងជំរុញឱ្យកម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅតាមគោលដៅនៃឯកទេសនីយកម្មនៃទំនិញដែលកម្ពុជាផលិតបាន ទៅកាន់ទីផ្សារទាំងអស់នោះ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចការពារនូវទ្រព្យកម្មសិទ្ធិបញ្ញារបស់រូបវ័ន្តបុគ្គល និងនីតិបុគ្គល តាមរយៈ ការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ព្រមទាំងបន្តផ្សព្វផ្សាយពីច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនដល់សាធារណជន ជាពិសេស អាជីវករ សេវាករ និងផលិតករ ដើម្បីជាមូលដ្ឋានគ្រឹះចូលរួមអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សហគ្រិនដែលមានពិការភាពទាំង ២០រូប ដែលបានបញ្ចប់នូវការសិក្សានូវចំណេះដឹងជាមូលដ្ឋានផ្នែកកម្មសិទ្ធិបញ្ញា និងមានឱកាសបង្កើតនូវម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន ត្រូវរួសរាន់ធ្វើការស្នើសុំការចុះបញ្ជីម៉ាក ដើម្បីជាគុណប្រយោជន៍ និងទទួលបានការការពារស្របច្បាប់ពីរដ្ឋ និងអាចទាក់ទាញអតិថិជនបន្ថែម ក្រោយពីខ្លួនមានម៉ាកពាណិជ្ជកម្មមួយដែលត្រឹមត្រូវតាមច្បាប់៕