(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ១៥០គ្រឿង ពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលដឹកនាំដោយ ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សូមជម្រាបជូនថា នេះគឺជាការប្រគល់-ទទួលក្នុងដំណាក់កាលទី១ ដោយក្នុងចំណោមកុំព្យូទ័រទាំង ១៥០គ្រឿង មានចំនួន ១០០គ្រឿង ជាកុំព្យូទ័រលើតុ (Desktop) និងចំនួន ៥០គ្រឿង ជាកុំព្យូទ័រយួរដៃ (Laptop)។ កុំព្យូទ័រទាំងនេះ គឺជាចំណែកមួយក្នុងការចូលរួមជំរុញល្បឿនបរិវត្តកម្មពាណិជ្ជកម្មឌីជីថលកម្ពុជា ព្រមទាំងបានបង្ហាញពីគោលបំណងរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា សំដៅជំរុញដល់សេវាសាធារណៈជូនដល់សាធារណៈជន និងប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕