(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម (២០២៤-២០២៨) ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញពី លោកជំទាវរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ លោកជំទាវប្រតិភូ លោកជំទាវទីប្រឹក្សា លោក លោកស្រី អគ្គនាយករង អគ្គាធិការរង អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម (២០២៤-២០២៨) សំដៅរួមចំណែកបង្កើនភាពអង់អាចដល់ស្ត្រី និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម៕