(ណារ៉ា ជប៉ុន)៖ នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2024 Summer (IPM 2024 Summer)” ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទខេត្តណារ៉ា ទីក្រុងណារ៉ា ប្រទេសជប៉ុន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា និងផ្តល់ព័ត៌មានណែនាំអំពីមាតិកាតាំងពិព័រណ៍ ការងារពិធីការក្នុងអំឡុងពេលពិព័រណ៍ គម្រោងពិព័រណ៍អនឡាញ ក៏ដូចជា កាលវិភាគពេលវេលាកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ ដើម្បីធានាឱ្យការរៀបចំ និងការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា របស់ប្រទេសចូលរួមទាំងអស់ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។