(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាក្ខន្ធសព លោក ឃឹម សុផល ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនាឆ្នាំ២០២៤ វេលាម៉ោង១៤:២៨នាទីព្រឹក ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោក ឃឹម សុផល គឺជាការបាត់បង់នូវស្វាមី បិតា បិតាក្មេក និងជីតាជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាចំពោះក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវឥស្សរជនខ្មែរដ៏ឆ្នើមមួយរូប ដែលបានលះបង់ទាំងកម្លាំងកាយ ប្រាជ្ញា និងស្មារតី ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
ស្ថិតក្នុងបរិយាកាសដ៏សែនសោកសង្រេង ប្រកបដោយសេចក្តីក្រៀមក្រំនេះ គណៈប្រតិភូនៃក្រសួងពាណិជ្ជកម្មទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដួងវិញ្ញាណក្ខន្ធរបស់ លោក ឃឹម សុផល បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕