(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតគណៈកម្មការជាតិយូណេស្កូកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សៀង ឈុនទ្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ជាម្ចាស់សាម៉ី) និង សមាសភាពអ្នកចូលរួមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សាអ្នកច្បាប់ ចំនួនប្រមាណ ៦០នាក់ ដើម្បីពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងខាងលើនេះឱ្យមានសង្គតិភាព។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ព្រមទាំងបានឯកភាពលើការកែសម្រួលខ្លឹមសារក្នុងមាត្រាមួយចំនួន និងឯកភាពបញ្ចូលនូវសមាសភាពរបស់ គណៈកម្មការជាតិយូណេស្កូកម្ពុជាពីក្រសួងចំនួន ៤ ដើម្បីឱ្យបានសមស្រប និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តនានា៕