(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ទៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន” ក្នុងគោលបំណងរួមគ្នាដើម្បីសហការផលិត និងផ្សព្វផ្សាយមាតិកានានារបស់ក្រសួងពាណិជ្ជកម្មឱ្យទៅក្នុងបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់ក្រសួងទាំងពីរ ដែលបានខិតខំប្រឹងប្រឹងរួមគ្នា រហូតសម្រេចបាននូវការចុះហត្ថលេខារួមគ្នានាពេលនេះ ដែលនេះគឺជារបត់ថ្មីមួយទៀតនៃការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈការជ្រោមជ្រែងពីក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី បានស្នើដល់ក្រសួងព័ត៌មានក្នុងកិច្ចសហការពិនិត្យរៀបចំខ្លឹមសារព័ត៌មាន អត្ថបទ រូបភាព ឬវីដេអូ និងសម្លេង បទយកការណ៍ ស័្ពត ព្រមទាំងការបណ្តុះបណ្តាលលើការសរសេរខ្លឹមសារព័ត៌មាន ការងារអ្នកនាំពាក្យជូនដល់មន្ត្រី ឬអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
គួុរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងសាធារណៈមួយចំនួនដូចជា៖ ១-គេហទំព័រ www.moc.gov.kh, ២-ទំព័រហ្វេសបុក (ក្រសួងពាណិជ្ជកម្ម Ministry of Commerce), ៣-តេឡេក្រាមឆានែល (ក្រសួងពាណិជ្ជកម្ម Ministry of Commerce), ៤-យូធូប (Ministry of Commerce, Cambodia), ៥-ប្រព័ន្ធ X (Ministry of Commerce, Cambodia), ៦-អ៊ីម៉ែល (cabinet.info@moc.gov.kh) ៧-ប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម 1266។