នាថ្ងៃអង្គារ ទី៩ ខែកក្តដា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ចាម និងខេត្តកំពង់ធំ បានបន្តចុះផ្សព្វផ្សាយចំណេះដឹងស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាធាយ មានទីតាំងស្ថិតនៅភូមិ បាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងមួយទៀតគឺវិទ្យាល័យព្រៃតាហ៊ូ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងនាយិកា សរុបចំនួន ៦១៥នាក់ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ មន្រ្តីជំនាញក៏បានត្រួតពិនិត្យទំនិញ និងម្ហូបអាហារដែលបានដាក់លក់ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូក្នុងសាលាដើម្បីធានាថា រាល់ទំនិញ និងម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាព និងពុំមានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។