(ហ្សឺណែវ ស្វីស)៖ នាថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមមហាសន្និបាតលើកទី៦៥ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានសមាជិកចូលរួមប្រមាណ ១៨០ប្រទេស និងអ្នកចូលរួមដោយផ្ទាល់និងតាមអនឡាញសរុបប្រមាណ១៤០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីថ្លែងការណ៍ ដោយបានកោតសរសើរលើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមនានារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការកសាងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិចាំបាច់សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញា រួមទាំងការអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ការពង្រឹងសមត្ថភាពដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្ត្រី និងសហគ្រិនដែលមានពិការភាព ដើម្បីអាចជំរុញការអភិវឌ្ឍពាណិជ្ជសញ្ញា ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការជំរុញនវានុវត្តន៍ ភាពច្នៃប្រឌិត បញ្ញាសិប្បនិម្មិត ដែលចូលរួមផ្តល់ដំណោះស្រាយប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពអត់ឃ្លាន ការការពារបរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈ ដែលទាំងអស់នេះនឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលមានសង្គតិភាពជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងប្រាប់អង្គសន្និបាតពីវឌ្ឍនភាពនៃកម្ពុជាលើផ្នែកកម្មសិទ្ធិបញ្ញានេះ ដោយនៅចុងឆ្នាំ២០២៣ រាជដ្ឋាភិបាលបានអនុម័តគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដើម្បីជំរុញវិស័យកម្មសិទ្ធិបញ្ញាពាក់ព័ន្ធដូចជា៖ កសិកម្ម ពាណិជ្ជកម្មនិងឧស្សាកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអប់រំនិងលើកកម្ពស់ចំណេះដឹងសាធារណៈ ជាពិសេសការបណ្តុះបណ្តាលនិងជំរុញការប្រើប្រាស់វិស័យកម្មសិទ្ធិបញ្ញាសម្រាប់យុវជន សហគ្រិនស្ត្រី អ្នកច្នៃប្រឌិត និងសហគ្រាសធុនតូចនិងមធ្យមជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៍បានគូសបញ្ជាក់ អំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណ:កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (NCIP) និង WIPO ស្តីពីផែនការកម្មសិទ្ធិបញ្ញាសម្រាប់កម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានកត់សម្គាល់តួនាទីដ៏សំខាន់នៃប្រព័ន្ធកម្មសិទ្ធិបញ្ញា ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិត និងវឌ្ឍនភាពបច្ចេកវិទ្យា ព្រមទាំងការប្រើប្រាស់ក្នុងកាកម្មសិទ្ធិបញ្ញា ក្នុងការពន្លឿនការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ក៏ដូចជាការទទួលស្គាល់អត្ថប្រយោជន៍ដែលអាចទទួលជាច្រើនទៀតពីអនុស្សរណៈនេះ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូបានលើកពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តចូលរួមយ៉ាងសកម្មបន្ថែមទៀតជាមួយនឹងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងនាមជាសមាជិក និងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ព្រមទាំងជូនពរឱ្យដំណើរការនៃកិច្ចប្រជុំមហាសន្និបាទរបស់អង្គការWIPOលើកទី៦៥នេះ ប្រកបដោយភាពរលូននិងទទួលបានជោគជ័យ៕