លោកជំទាវរដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អនុញ្ញាតជូនគណៈប្រតិភូធុរកិច្ចអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ​ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត​ជូន​ លោក​ តាំង​ សិទ្ធី ប្រធាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទី​ក្រុង​មែល​ប៊ន​ ​ប្រទេស​អូស្រ្តាលី​ និងឯកឧត្តម​បណ្ឌិត​ ជឺន​បូរាណ ច័ន្ទ​បូរី​ ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្រ្តាលី និងគណៈប្រតិភូ​​បណ្តាក្រុមហ៊ុន​ធំៗ​របស់ប្រទេស​​អូស្រ្តាលី ​ចូល​ជួប​សម្តែងការ​គួរសម​ និង​ពិភាក្សាការងារ​​។

ក្នុងជំនួបនេះ ​​លោក​ តាំង​ សិទ្ធី ប្រធាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទី​ក្រុង​មែល​ប៊ន​ ​បាន​គោរពជម្រាប​ជូន​ លោក​ជំទាវ​រដ្ឋមន្រ្តី​ ពី​គោល​បំណងនៃ​កិច្ច​ជំនួប​នេះ​ដើម្បី​ស្វែងយល់​អំពីបរិយាកាសសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​​ និង​វិនិយោគ​នៅ​កម្ពុជា ​ ក្នុង​ការ​​បង្កើត​បណ្តាញ​ទំនាក់​ទំនង ​សិក្សាពីទីផ្សារកម្ពុជា និងកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា​ និង​អូស្រ្តាលី។ ឆ្លៀតក្នុង​ឱកាសនេះ​ ឯកឧត្តម​បណ្ឌិត​ ជឺន​បូរាណ ច័ន្ទ​បូរី​ ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្រ្តាលី បាន​គោរព​ជម្រាប​ជូន ​លោក​ជំទាវ​រដ្ឋមន្រ្តី​ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​​ដំណើរការ​​អាជីវកម្មរបស់​ក្រុមហ៊ុន​អូស្ត្រាលី​ ដោយ​ផ្តោត​សំខាន់​​លើ​កសិកម្ម​ កសិ-ម្ហូប​អាហារ​ បច្ចេក​វិទ្យា​ ការ​អប់រំ​ ថាមពល​កកើត​ឡើង​វិញ​ ហេដ្ឋារចនាសម្ព័ន្ធ​ ភស្តុភាកម្ម​ និង​សុខាភិបាល​ ដើម្បី​​ទទួល​អនុសាសន៍​​ណែ​នាំ និង​មតិយោបល់​ក្នុង​ការ​ស្វែងយល់​ពី​ទីផ្សារ​​កម្ពុជាឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​​​។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនគណៈប្រតិភូថា ក្រសួងពាណិជ្ជកម្មមានយុទ្ធសាស្រ្តក្នុងការជំរុញផលិតផល វិនិយោគ និងទេសចរណ៍កម្ពុជា តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស។ ក្នុងករណីនេះ តំណាងសភាពាណិជ្ជកម្មកម្ពុជាតំណាងទីក្រុងមែលប៊ន អាចមានលទ្ធភាពបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមានតំណាងពីវិស័យឯកជនដាក់ពាក្យស្នើសុំមកកាន់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ៕

https://s2.moc.gov.kh/mocspace/mocspace_1720774417302.jpg
https://s2.moc.gov.kh/mocspace/mocspace_1720774417393.jpg
https://s2.moc.gov.kh/mocspace/mocspace_1720774417455.jpg
https://s2.moc.gov.kh/mocspace/mocspace_1720774417468.jpg
https://s2.moc.gov.kh/mocspace/mocspace_1720774417581.jpg
https://s2.moc.gov.kh/mocspace/mocspace_1720774417601.jpg
https://s2.moc.gov.kh/mocspace/mocspace_1720774417664.jpg