មន្រ្តីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ នាយកដ្ឋានកិច្ចការបច្ចេកទេស និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានសហកាជាមួយគណៈកម្មាធិការផ្សារអូឡាំពិក ធ្វើបទបង្ហាញ អំពីខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន ក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់អាជីវករលក់ដូរក្នុងផ្សារចំនួន ១៦រូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ នាយកដ្ឋានកិច្ចការបច្ចេកទេស និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានសហកាជាមួយគណៈកម្មាធិការផ្សារអូឡាំពិក ធ្វើបទបង្ហាញ អំពីខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន ក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់អាជីវករលក់ដូរក្នុងផ្សារចំនួន ១៦រូប ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយផលិតផលគីមី លក់ជ្រក់ ប្រហិត ខ្ញីហាន់ សណ្តែកបណ្តុះ លត នំបាញ់ឌុក គ្រឿងសមុទ្រ ទាអាំង សាច់អាំង ជាដើម ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ និងលក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយមិនត្រូវលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងបានបន្តណែនាំដល់ អាជីវករទាំងអស់ ពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ និងត្រូវដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ ជាដើម។

មន្ត្រីជំនាញបានបញ្ជាក់ផងដែរថា ក្នុងករណីបងប្អូនឃើញមានផលិតផលដែលអាចផ្ដល់ផលប៉ះពាល់បញ្ហសុខភាពរបស់អ្នកទទួលទាន សូមបងប្អូន ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង ឬតាម CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់។

សូមជម្រាបជូនថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត៕

https://s2.moc.gov.kh/mocspace/mocspace_1720775273181.jpg
https://s2.moc.gov.kh/mocspace/mocspace_1720775273252.jpg
https://s2.moc.gov.kh/mocspace/mocspace_1720775273256.jpg
https://s2.moc.gov.kh/mocspace/mocspace_1720775273187.jpg