(ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមការពិព័រណ៍តាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាទលើកទី៦៥ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងមានសមាជិកអង្គការ WIPO ចូលរួមប្រមាណ ១៨០ប្រទេស។
ក្នុងអំឡុងពេលមហាសន្និបាទខាងលើនេះ គណៈប្រតិភូកម្ពុជា បានសហការ និងសម្របសម្រួល ដោយស្ថានបេសកកម្ម អចិន្ត្រៃយ៍ កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ បានបង្ហាញអំពីការអភិវឌ្ឍផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ក៏ដូចជាតាំងបង្ហាញ ផលិតផលម៉ាក សម្គាល់ភូមិសាស្រ្តកម្ពុជាក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកំពត-កែប ទឹកឃ្មុំព្រៃមណ្ឌលគីរី ព្រមទាំងបានផ្ដល់អាហារជូនអ្នកចូលរួមភ្លក់រសជាតិម្រេចកំពតជ្រក់ ស្កត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគីរី ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈប្រតិភូកម្ពុជាបានសម្ដែងនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមជាមួយនឹងអង្គការ WIPO ក្នុងនាមជាសមាជិក និងបន្តលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ បន្ថែមទៀត។
សូមជម្រាបជូនថា ការដាក់បង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបានផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ធ្វើឱ្យដៃគូអន្តរជាតិ និងបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើផលិតផលម៉ាកសម្គាលភូមិសាស្រ្តកម្ពុជា ផងដែរ៕