(ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី WANG Binying អគ្គនាយករង នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង WIPO និងជំនួយបច្ចេកទេសក្នុងការរៀបចំច្បាប់ និងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ការផ្តល់ប្រព័ន្ធរដ្ឋបាលកម្មសិទ្ធិឧស្សាហកម្ម(IPAS)។
បន្ទាប់មក ឯកឧត្តម សួន វិជ្ជា បានជម្រាបជូនអំពីសំណើគម្រោងរបស់កម្ពុជា ក្រោមកម្មវិធី Post Covid ពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្តាមថ្មកោះកុង ដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជំនាញការ WIPO បានចុះធ្វើការស្រាវជ្រាវអំពីសក្តានុពលក្តាមថ្មកោះកុងចំនួន ៣លើក និងជម្រុញឱ្យ WIPO បន្តកិច្ចការនេះជាបន្តទៀត ព្រមទាំងបានស្នើសុំឱ្យបង្កើតម៉ាកសមូហភាព និងម៉ាកវិញ្ញាត្តិកម្ម (Certification Mark) សម្រាប់ផលិផលអង្កររបស់កម្ពុជា។
ជាការឆ្លើយតប លោកស្រី WANG Binying បានទទួលយកសំណើកម្ពុជា និងបញ្ជូនជំនាញការដើម្បីពិភាក្សាការងារជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នាពេលខាងមុខ៕