(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំបូកសរុបសមិទ្ធផលការងារពាណិជ្ជកម្មគម្រប់ខួបមួយឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ (២២ សីហា ២០២៣-២២ សីហា ២០២៤) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន/វិទ្យាស្ថាន និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ និងបង្ហាញពីសេចក្ដីព្រាងខ្លឹមសារសម្រាប់បំពេញនូវសមិទ្ធផលការងារពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាន នាយកដ្ឋាននីមួយៗក្នងរយៈពេលមួយឆ្នាំនេះ ព្រមទាំងបានអនុញ្ញាតជូនអង្គប្រជុំធ្វើការពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នា ដើម្បីប្រមូលធាតុចូលបន្ថែមទៅតាមភាសាបច្ចេកទេស ក្នុងគោលបំណងធ្វើឱ្យសេចក្ដីព្រាងខ្លឹមសារនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕