(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមកសិករផលិតក្រោមប្រធានបទ “ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃបន្លែ” ដែលមានការអញ្ជើញចូលរួមពី លោកនាយករងគម្រោង លោកប្រធានខ្សែច្រវាក់តម្លៃ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងពីធនាគារ ARDB តំណាងក្រុមហ៊ុន/អ្នកប្រមូលទិញបន្លែ និងតំណាងក្រុមផលិតបន្លែ ព្រមទាំងអ្នកចូលរួមជាច្រើននាក់ទៀត។
វេទិកានេះ រៀបចំឡើងដើម្បីបង្ហាញ និងចែករំលែកនូវព័ត៌មាននានា ជុំវិញផលិតកម្មបន្លែ ជាពិសេស សមត្ថភាពនៃការផលិតរបស់ក្រុមកសិករ ការផ្គត់ផ្គង់ទីផ្សារ តម្រូវការទីផ្សារ បញ្ហាប្រឈមនានា និងផែនការអភិវឌ្ឍទីផ្សារបន្លែនាពេលអនាគត៕