(ភ្នំពេញ)៖ នាថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមការងារនៃមន្ទីរពិសោធន៏ SPEC ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី «ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ HACCP» ដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៏ និងនាយកដ្ឋានកិច្ចការហាឡាល ព្រមទាំងមន្រ្តីសាខា ក.ប.ប. តាមបណ្ដារាជធានី-ខេត្ត ទាំង២៥ ផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះមួយថ្មីដល់ដល់មន្រ្តី ក.ប.ប. ក្នុងការធ្វើអធិការកិច្ចទៅលើប្រតិបត្តករអាជីវកម្មម្ហូបអាហារ ដោយផ្អែកលើគោលការណ៏នៃប្រព័ន្ធត្រួតពិនិត្យ HACCP។ លើសពីនេះ សិក្ខាកាមទាំងអស់ នឹងបានយល់កាន់តែច្បាស់ពីទស្សនៈទានទូទៅ និងសារៈសំខាន់នៃប្រព័ន្ធ HACCP ក៏ដូចជាគោលការណ៏ដើម្បីអនុវត្តប្រព័ន្ធនេះអោយមានប្រសិទ្ធភាព ជាមានជាអាទិ៏៖ ការអនុវត្តនូវកម្មវិធីតម្រូវទុកជាមុន (Pre-requisites programs or PRPs) ការវិភាគភ្នាក់ងារបង្កគ្រោះថ្នាក់ ការកំណត់ចំណុចត្រួតពិនិត្យសំខាន់ ការបង្កើតនីតិវិធីតាមដាននិងផ្ទៀងផ្ទាត់ជាដើម។
សូមជម្រាបជូនថា ប្រព័ន្ធ HACCP ជាផ្នែកមួយយ៉ាងសំខាន់នៃការធ្វើអធិការកិច្ចទៅលើប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដើម្បីវាយតម្លៃពីកម្រិតអនាម័យនៅតាមគ្រឹះស្ថានផលិតម្ហូបអាហារ ក៏ដូចជាអាចកំណត់បាននូវចំណុចត្រួតពិនិត្យសំខាន់ដែលចាំបាច់ក្នុងការការពារអាហារដែលមានហានិភ័យចូលទៅក្នុងទីផ្សារ។ ដោយឡែក កម្មវិធីតម្រូវទុកជាមុន (PRPs) សំដៅទៅលើការអនុវត្តនូវកូដអនាម័យល្អ (ដូចជា GMP, GHP, GAP ជាដើម) ទៅតាមប្រភេទនៃអាជីវកម្មពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីធានានូវមជ្ឈដ្ឋានផលិតមួយដែលមិនបង្កការចម្លងដល់អាហារ។ រីឯ CCP គឺជាចំណុចត្រួតពិនិត្យសំខាន់ដែលចាំបាច់ត្រូវកំណត់ឱ្យបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្នុងអាហារមកដល់កម្រិតសុវត្ថិភាពដែលទទួលយកបាន៕