(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប គឺឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និង វរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានចូលរួមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារអាកាសយានិកទាំងពីររូប ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
ក្នុងនាមក្រសួងពាណិជ្ជកម្ម សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអាកាសយានិកទាំងពីររូប សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕