(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «Cambodia Architec & Decor 2024, Cambodia FoodPlus Expo 2024, Cambodia Health & Beauty Expo 2024» នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន ជាច្រើនរូប។
ថ្លែងក្នុងពិធីបើកម្ពោធ ឯកឧត្តម សំហេង បូរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Index Creative Village Public Company Limited (ICV) សភាពាណិជ្ជកម្មថៃ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការខិតខំរៀបចំពិព័រណ៍ខាងលើ ដែលបានទាក់ទាញក្រុមហ៊ុន និងអាជីវករមកពីប្រទេសថៃជាច្រើនចូលរួម។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ពិព័រណ៍នេះក៏ជាវេទិកាសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកផលិតផល និងសេវាកម្មប្រកបដោយគុណភាព និងបង្កើតភាពជាដៃគូថ្មី ដែលជាផ្នែកមួយក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃផងដែរ។
សូមជម្រាបថា មានក្រុមហ៊ុនចំនួនជិត ១០០ក្រុមហ៊ុនមកពីប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា បានចូលរួមតាំងពិព័រណ៍ខាងលើ ដែលសរុបមានប្រមាណជាង ១០០ស្តង់ ហើយផលិតដែលដាក់តាំងលក់បង្ហាញមានដូចជាផលិតផលថែរក្សាសុខភាពនិងសម្រស់ ម្ហូបអាហារ គ្រឿងតុបតែងគេហដ្ឋាន និងគ្រឿងសង្ហារឹម ផលិតផលទេសចរណ៍ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាដើម៕