(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្ដីពី “ដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ដោយមានការអញ្ជើញចូលរួមពីស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការ WTO ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងមន្ត្រីជំនាញ នៃនាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែមលើសេចក្តីព្រាងរបាយការណ៍ ដែលសរសេរដោយជំនាញការអន្តរជាតិ សម្រាប់ផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិកអង្គការ WTO របស់កម្ពុជា។